ផ្សាយពាណិជ្ជកម្ម
www.mesa-news.com.kh / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.


ផ្សាយពាណិជ្ជកម្ម
គេហទំព័រ សារព័ត៌មាន មេសាញូស៍ / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.

Thursday, September 4, 2025

ព្រះវររាជមាតាជាតិខ្មែរ​ ប្រោសប្រទានព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានថវិកាចំនួន ២ម៉ឺនដុល្លារ ត្រូវបានសម្តេចមហាមន្រ្តី​ គុយ​ សុផល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង​ ប្រគលជូនលោក ហេង​ រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅរសៀលថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នាឱកាសនោះលោក ហេង​ រតនា បានព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសេចក្ដីថ្លែងអំណរព្រះមហាករុណាទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុត ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅ

តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាមរតកនៃសង្គ្រាមសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ព្រមជាមួយនឹងការផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម​ដែលបង្ករដោយសង្រ្គាមឈ្លានពានរបស់ទាហានសៀម​ ប្រយោជន៍ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹកវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ​។

ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ​ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជាពិសេសគាំទ្រដល់ការងារបន្ទាន់ចំពោះមុខរួមមាន ការផ្តល់ការអប់រំយល់ដឹងពីមីន/គ្រាប់ជូនប្រជាពលរដ្ឋភៀសសឹក និងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកំពុងស្នាក់នៅជំរុំភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

លោក ហេង​ រតនា បានបន្ថែមថាព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ក៏បានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងឯកទេសបោសសម្អាតមីន​ទាំងអស់នៃអង្គភាពCMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោក ហេង​ រតនា ក៏សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និងប្រោះព្រំព្រះសព្វសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដខ្មែរជាកូនជាចៅ រស់នៅប្រកបដោយសុខសន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ៕

ជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម, Toyota នឹងដាក់ដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញមេកានិក និងយានយន្តនៅកម្ពុជា ក្នុងឆ្នាំក្រោយ

ចំនួនអ្នកទស្សនា: Views

(អូសាកា, ជប៉ុន)៖ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Toyota បានឱ្យដឹងថា ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត ខណៈក្រុមហ៊ុនក៏មានផែនការពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរ។

ការបញ្ជាក់របស់លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) ធ្វើឡើងក្នុងឱកាសដែលលោក និងសហការីបានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ព្រមទាំង​​មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តីបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។

លោកស្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។

លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។

លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។

ទន្ទឹមគ្នានេះ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ៕

សម្តេចតេជោ ប្រមុខរដ្ឋស្តីទីទទួលសាតាំងពីឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសាតាំងពីលោក Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ នៅវិមានព្រឹទ្ធសភា៕

Tuesday, September 2, 2025

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ហ្វ្រង់កូតិច - FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​លើកទី២០ ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

 ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍និ​ង​ទូរ​គម​នាគមន៍ (ក.ប.ទ.) និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បាន​អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូតិច - FrancoTech អមកិច្ចប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូនី​ លើកទី២០ ឆ្នាំ២០២៦ ដោយមានការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងស្ថាប័ន-ពាក់ព័ន្ធ នៅទីស្ដីការ ក.ប.ទ.។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ និង​ក្លាយ​ជា​ព្រឹត្តិការណ៍ដ៏សំខាន់មួយអមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែល​កម្ពុជា​នឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំ៕


ឯកឧត្តម ហ៊ុន ម៉ានី៖ សូមឱ្យគ្រួសារកងទ័ពជឿជាក់លើថ្នាក់ដឹកនាំក្នុងការបញ្ចប់ជម្លោះ ដើម្បីអាចឱ្យកងទ័ពមកជួបជុំគ្រួសារ

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមឱ្យគ្រួសារកងទ័ពជឿជាក់លើថ្នាក់ដឹកនាំជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបញ្ចប់ជម្លោះទាំងស្រុងវិលត្រឡប់ទៅរកប្រក្រតីភាព ដែលនេះនឹងអនុញ្ញាតឱ្យកងទ័ពអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលកំពុងរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានជម្រាបជូនក្រុមគ្រួសារកងទ័ពនូវកិច្ចការនានាដែលថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បាន និងកំពុងដឹកនាំធ្វើប្រកបដោយការអត់ធ្មត់ខ្ពស់ ចៀសវាងនាំមកនូវការប៉ះទង្គិចសារជាថ្មី និងដើម្បីនាំមកនូវដំណោះស្រាយបញ្ចប់បញ្ហាទាំងស្រុងដោយសន្តិវិធី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវសូមជឿជាក់មកលើរាជរដ្ឋាភិបាល និងអត់ធ្មត់ជាមួយគ្នា ក្នុងការស្វែងរកវិធីសាស្ត្រទាំងការចរចា ទាំងទំនាក់ទំនងការទូត និងកិច្ចការផ្លូវច្បាប់នានា ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហានៃជម្លោះនេះ បានបញ្ចប់ទាំងស្រុងប្រកបដោយសន្តិវិធី ជៀសវាងការប្រយុទ្ធ ឬការផ្ទុះសង្គ្រាមដែលធ្វើឱ្យខូចខាត និងប៉ះពាល់អាយុជីវិតទាំងសងខាង ហើយនេះក៏ដើម្បីឱ្យកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានត្រឡប់ជួបជុំក្រុមគ្រួសារដូចស្ថានភាពដើមវិញ។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងនាំយកការសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតជូនក្រុមគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ប្រមាណ៧០០គ្រួសារ៕

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

 (ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំសហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់ ទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងម្ដងទៀត ដើម្បីលម្អិតឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ចំពោះរាល់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំគិតគូរនូវរាល់គម្រោងរបស់ខ្លួនដែលបានលើកឡើងឱ្យបានកាន់តែច្បាស់លាស់ថែមទៀត ត្រៀមលើកឡើងជាមតិយោបល់ នៅក្នុងកិច្ចប្រជុំពេលក្រោយទៀតករណីគម្រោងដែលស្នើឡើងមិនទទួលបានការគាំទ្រ ត្រូវបន្តស្នើឡើងនៅឆ្នាំក្រោយទៀត។

សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ខេត្តកណ្តាលមានចំនួន ៨៣គម្រោង ក្នុងនោះ ៖ ស្រុកកណ្តាលស្ទឹង ៥គម្រោង ស្រុកកៀនស្វាយ ៥គម្រោង ស្រុកខ្សាច់កណ្តាល ៥គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ៣គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ១២គម្រោង ស្រុកស្អាង ៧គម្រោង ក្រុងតាខ្មៅ ១៨គម្រោង ក្រុងសំពៅពូន ៤គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្តមាន ១គម្រោង។

ជំនន់ទឹកភ្លៀងកំពុងបង្កការប៉ះពាល់ដល់ខេត្តចំនួនបី និងប្រជាជន​ជិត៧០០គ្រួសារ

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥​បន្ទាប់ពី​ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឱ្យមានជំនន់​ទឹកភ្លៀង បង្កផលប៉ះ​ពាល់ដល់ខេត្ត​ចំនួនបី និងប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ ព្រមទាំង​ប៉ះពាល់​ផល​ដំណាំ​កសិកម្មជិត ២០០ហិកតា។

ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយបានប្រាប់បណ្ដាញព័ត៌មាន​កាលពីព្រឹកថ្ងៃទី២ ខែកញ្ញាថា ភ្លៀង​ធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញាមកបង្កឱ្យ​កើតជំនន់​ទឹកភ្លៀងបង្កផលប៉ះពាល់ខេត្តចំនួនបី ,ប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត៧០០​គ្រួសារ។ក្នុងនេះ៖ ទី១.ខេត្តបាត់ដំបង ប៉ះពាល់ស្រុកចំនួនមួយ គឺ​ស្រុកសំឡូត ស្មើនឹងបួនឃុំ , ប៉ះពាល់ចំនួន ២៦គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំ​ចំនួន ១៨.៥ ហិកតា។ទី២. ខេត្តសៀមរាប ប៉ះពាល់ស្រុកចំនួនបួន ស្មើនឹង១៣ឃុំ ,ប៉ះពាល់ ៤១៥ គ្រួសារនិង ប៉ះពាល់ផ្ទះ ៤១៥ខ្នង។ ចំណែកខេត្តទី៣ ជាខេត្តជាប់ដងទន្លេមេគង្គ គឺខេត្តក្រចេះ ប៉ះពាល់ពីរស្រុក ស្មើនឹង២ឃុំ, ប៉ះពាល់​ប្រជាពលរដ្ឋ២២៤គ្រួសារនិង ប៉ះពាល់ដំណាំកសិកម្មចំនួន ១៦៩ហិកតា។

នៅខេត្ដបាត់ដំ​បងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង បានបញ្ជាក់ថា កម្ពស់ទឹកស្ទឹង​សង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្ន តែនឹងស្រកចុះវិញឆាប់ៗ​នេះបើផ្នែក​ខាង​លើមិនមានភ្លៀងបន្ថែម។សូមប្រជាពលរដ្ឋនៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំប្រុងប្រយ័ត្នខ្ពស់។

ដោយឡែកព្រឹត្តិបត្រព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសចេញផ្សាយដោយក្រសួងធនធានទឹកសម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ៖

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជា​ណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិស​បស្ចិមមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប់ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាលតាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់​កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មកពីទិសបស្ចិម និង​ទិសពាយ័ព្យមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិនឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រង់ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់​លើផ្ទៃដី៤៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕