(ភ្នំពេញ)៖ គណៈគ្រូពេទ្យកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញលិខិតស្រាយបំភ្លឺអំពីករណី «បាតុភាពក្នុងបណ្ដាញសង្គម លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong»។
យោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា គណៈគ្រូពេទ្យរាជធានីភ្នំពេញ និងគណៈគ្រូពេទ្យភូមិភាគ១ បានទទួលជួបលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបំណងជ្រោមជ្រែង គាំទ្រ និងជួយរំលឹកអំពីកាតព្វកិច្ច របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំចូលរួមចំណែកតាមគ្រប់រូបភាពចែករំលែកចំណេះដឹង អំពីការថែទាំសុខភាព សុខុមាលភាព ជូនដល់សាធារណជន ដោយត្រូវខិតខំផ្ទៀងផ្ទាត់ «ព័ត៌មានស្តីពីសុខភាព» ឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រច្បាស់លាស់ ពិតប្រាកដ និងអាចផ្ទៀងផ្ទាត់បាន "Evidence-Based Medicine" (EBM) ដោយអ្នកជំនាញជាតិ និងអន្តរជាតិ និងអង្គការសុខភាពពិភពលោក។
ក្នុងស្មារតីការពារសុខភាព សុខុមាលភាពសាធារណជន ដែលជាអាទិភាពសុខាភិបាលខ្ពស់បំផុត និងជា បេសកកម្មទីមួយ គណៈគ្រូពេទ្យកម្ពុជា ក៏ដូចជាគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ បាននិងកំពុងរៀបចំជាបន្ត បន្ទាប់វគ្គបណ្តុះបណ្តាលក្រើនរំលឹកផ្សព្វផ្សាយគ្រប់ទិដ្ឋភាព និងគ្រប់រូបភាពតាមបណ្តាខេត្តក្រុង អំពី«ក្រមសីល ធម៌វិជ្ជាជីវៈ រួមទាំងបទប្បញ្ញត្តិទាំងឡាយដែលមានជាធរមាន» ជូនដល់សមាជិក សមាជិកាដែលកំពុងប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល រួមទាំងជំនួបបុគ្គល ជំនួបរួមក្នុងអង្គភាពសុខាភិបាល ទាំងសាធារណៈ ទាំងឯកជន។
ទន្ទឹមនឹងនេះគណៈគ្រូពេទ្យកម្ពុជា សូមថ្លែងអំណរគុណដល់មតិសាធារណៈដែលបាន និងកំពុងចូលរួមផ្តល់ព័ត៌មាន ត្រឡប់និងខិតខំរួមគ្នាក្នុងបុព្វហេតុសុខភាព សុខុមាលភាពទាំងអស់គ្នា៕










0 Comments:
Post a Comment