ផ្សាយពាណិជ្ជកម្ម
www.mesa-news.com.kh / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.


ផ្សាយពាណិជ្ជកម្ម
គេហទំព័រ សារព័ត៌មាន មេសាញូស៍ / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.

Thursday, September 4, 2025

ព្រះវររាជមាតាជាតិខ្មែរ​ ប្រោសប្រទានព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានថវិកាចំនួន ២ម៉ឺនដុល្លារ ត្រូវបានសម្តេចមហាមន្រ្តី​ គុយ​ សុផល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង​ ប្រគលជូនលោក ហេង​ រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅរសៀលថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នាឱកាសនោះលោក ហេង​ រតនា បានព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសេចក្ដីថ្លែងអំណរព្រះមហាករុណាទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុត ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅ

តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាមរតកនៃសង្គ្រាមសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ព្រមជាមួយនឹងការផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម​ដែលបង្ករដោយសង្រ្គាមឈ្លានពានរបស់ទាហានសៀម​ ប្រយោជន៍ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹកវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ​។

ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ​ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជាពិសេសគាំទ្រដល់ការងារបន្ទាន់ចំពោះមុខរួមមាន ការផ្តល់ការអប់រំយល់ដឹងពីមីន/គ្រាប់ជូនប្រជាពលរដ្ឋភៀសសឹក និងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកំពុងស្នាក់នៅជំរុំភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

លោក ហេង​ រតនា បានបន្ថែមថាព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ក៏បានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងឯកទេសបោសសម្អាតមីន​ទាំងអស់នៃអង្គភាពCMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោក ហេង​ រតនា ក៏សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និងប្រោះព្រំព្រះសព្វសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដខ្មែរជាកូនជាចៅ រស់នៅប្រកបដោយសុខសន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ៕

0 Comments:

Post a Comment